News

គម្រោងផ្សារបោះដុំ និងលក់រាយក្នុងស្រុក ជីស៊ី អូឫស្សី ជ្រើសយករចនាបទខ្មែរបុរាណ មកឆ្នៃប្រឌិតជាស្ថាបត្យកម្មខ្មែរជំនាន់ថ្មី !

រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងនៅក្នុងឆ្នាំ ១៩៥៣ ចាប់តាំងពីពេលនោះមកប្រទេសនេះស្ថិតនៅក្រោមការដឹកនាំរបស់ព្រះរាជបុត្រានរោត្ដម សីហនុ ដែលនៅពេលនោះការអភិវឌ្ឍសេដ្ឋកិច្ច សិល្បៈ និងស្ថាបត្យកម្មប្រកបដោយភាពឆ្នៃប្រឌិតមានភាពប្រសើរគួរឲ្យកត់សម្គាល់ ។ ចក្ខុវិស័យដ៏ច្បាស់លាស់របស់ព្រះអង្គក្នុងការធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលទំនើបមានការអភិវឌ្ឍន៍ និងដើរតួយ៉ាងសំខាន់នៅក្នុងឆាកអន្តរជាតិ ធ្វើឲ្យទ្រង់បានបង្កើននូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មលើគ្រប់វិស័យរួមមាន វិស័យកសិកម្ម គមនាគមន៍ អប់រំ សុខាភិបាល សិល្បៈ និងជាពិសេសគឺស្ថាបត្យកម្ម ។ ភ្លាមៗបន្ទាប់ពីអាណានិគមបារាំងបានបញ្ចប់ ការឌីហ្សាញ និងការតុបតែងអគារនៅមានលក្ខណៈបែបបរទេស ឬទទួលឥទ្ធិពលពីបារាំងរហូតទាល់តែការអញ្ជើញមកដល់របស់ស្ថាបត្យករដ៏មានសមត្ថភាពគឺលោក វណ្ណ ម៉ូលីវណ្ណ ដែលត្រូវបានគេស្គាល់ថា «ជាស្ថាបត្យករដ៏អស្ចារ្យនៃប្រទេសកម្ពុជា» ត្រូវបានព្រះបរមរតនកោដ្ឋប្រគល់តួនាទីជាអ្នកដឹកនាំផែនការនៃការសាងសង់ទីក្រុងទំនើប ។ ព្រះបាទនរោត្ដមសីហនុ និងលោក វណ្ណ ម៉ូលីវណ្ណ បានបង្កើតនូវទិសដៅថ្មីនៃស្ថាបត្យកម្មដោយបានរួមបញ្ចូលនូវរចនាបទនៅមុនពេលអាណា និគមបារាំងមករួមបញ្ចូលជាមួយនឹងរចនាបទ
សម័យអង្គរ ។

លោក វណ្ណ ម៉ូលីវណ្ណ បានដើរតួយ៉ាងសំខាន់នៅក្នុងការបង្កើតនូវយុគសម័យថ្មីនៃស្ថាបត្យកម្មក្នុងប្រទេសកម្ពុជា និងបង្កើតនូវអគារដ៏ល្បីល្បាញជាច្រើននៅក្នុងព្រះរាជាណាចក្រមួយនេះ ។ រាល់អគារដែលរចនាដោយលោក វណ្ណ ម៉ូលីវណ្ណ ត្រូវបានសាងសង់ឡើងស្របទៅតាមអាកាសធាតុនៅក្នុងប្រទេសនេះ ។ លោកធ្វើការរចនាដោយយកលំនាំតាមគំរូផ្ទះបុរាណរបស់ប្រជាជនកម្ពុជាដែលតែងតែលើកពិដានផ្ទះឲ្យខ្ពស់ ។ ការធ្វើបែបនេះជួយឲ្យមានទីធ្លាគ្រប់គ្រាន់សម្រាប់សកម្មភាពផ្សេងៗធ្វើឲ្យក្នុងផ្ទះមានខ្យល់ត្រជាក់ និងការពារនៅពេលដែលមានគ្រោះទឹកជំនន់ ។ការសម្របទៅតាមអាកាសធាតុមួយប្រភេទទៀត គឺការធ្វើដំបូលជារាង​ត្រីកោណ VVV ដែលលោកអ្នកអាចរកឃើញនៅតាមអគារជាច្រើននៅសម័យនោះដើម្បីការពារមិនឲ្យមានពន្លឺព្រះអាទិត្យចាំងចូលមកដោយផ្ទាល់នៅក្នុងបរិវេណអគារ ។ រាល់អគារទាំងអស់ត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់ក្នុងការរៀបចំឲ្យមាននូវលំហូរខ្យល់ដើម្បីឲ្យអគារទាំងមូលមានភាពត្រជាក់ ។ ស្នាដៃសំខាន់ៗរបស់លោក វណ្ណ ម៉ូលីវណ្ណ ដែលនៅបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះមានដូចជា សាលសន្និសិទចតុមុខ វិមានឯករាជ្យ វិទ្យាស្ថានភាសាបរទេស ពហុកីឡដ្ឋានជាតិអូឡាំពិក និងអគារមុខនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

យោងទៅតាម លោក អេរិចឆុង នាយកប្រតិបត្តិក្រុមហ៊ុន ជីស៊ី អូរឫស្សី ខូ អិលធីឌី ការរចនាទាំងស្រុងនៃផ្សារថ្មីមួយនេះទទួលបានការជម្រុញចិត្ត​ពីស្ថាបត្យកម្មបែបប្រពៃណីខ្មែរ និងព្រមទាំងលម្អិតនៃស្ថាបត្យកម្មបែបប្រណីត នៅក្នុងពេលនោះ ។ គម្រោងផ្សារ ជីស៊ី អូរឫស្សី បានគ្រោងនឹងបើកដំណើរការ​នៅក្នុងឆ្នាំ ២០២៤ ។

លោក ឆុង បានបន្ថែមទៀតថា «នៅពេលដែលយើងបានបង្កើត និងរចនាផ្សារជីស៊ីអូរឫស្សីនេះ យើងបានសិក្សាយ៉ាងយកចិត្តទុកដាក់ពីរចនាប័ទ្មបុរាណ និងសម័យថ្មីរបស់ខ្មែរ ព្រមទាំងចងចាំពីសិល្បៈ និងការរចនានៃមរតកខ្មែរបង្ហាញចេញទៅក្នុងអគារនេះ ។ ផ្នែកខាងក្រៅនៃអគាររបស់យើងរចនាដោយក្ដារបន្ទះរៀបជារាងត្បូងដែលផ្ដល់ជូននូវភាពរស់រវើកដល់អគារទាំងមូល ប៉ុន្តែរក្សាបាននូវអារម្មណ៍ពីបុរាណកាល ។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងដោយផ្ដោតសំខាន់លើបរិបទនៃតំបន់អាកាសធាតុ និងឥរិយាបថរបស់អ្នកប្រើប្រាស់ផ្ទាល់ ហើយការរចនាវិញក៏រៀបចំឡើងដើម្បីសម្រួលដល់លំហូរខ្យល់ធម្មជាតិ និងពន្លឺធម្មជាតិឲ្យបានល្អបំផុតដែលទាំងនេះគឺជាកត្តាសំខាន់នៃប្រទេសក្នុងតំបន់អាកាសធាតុត្រូពិចព្រមជាមួយការរក្សានូវម្លប់ និងការការពារទឹកភ្លៀងសម្រាប់ផ្នែកខាងក្នុង ។ ជាន់ដំបូលនៃអគារនេះពោរពេញដោយការរចនាតុបតែងជារាងត្រីកោណព្រីសដែលនេះបង្ហាញពីស្ថាបត្យកម្មបែបប្រពៃណីខ្មែរធ្វើឲ្យមានភាពស៊ីសង្វាក់គ្នារវាងការឌីហ្សាញផ្នែកខាងក្នុង និងខាងក្រៅនៃអាគារ ។

លោក អេរិចឆុង បានសង្កត់ធ្ងន់ថាផ្សារ ជីស៊ី អូរឫស្សី នឹងបន្តនូវគោលដៅរបស់ផ្សារនៅក្នុងស្រុករបស់កម្ពុជាដោយធ្វើការលាយបញ្ចូលគ្នានូវស្ថាបត្យកម្មបែបប្រពៃណីព្រមជាមួយនឹងការប្រើប្រាស់នូវខ្យល់ និងម្លប់ធម្មជាតិ ។ ផ្សារ ជីស៊ី អូរឫស្សី មិនមែនមានរចនាបទមួយប៉ុណ្ណោះទេ ប៉ុន្តែបានលាយបញ្ចូលគ្នារវាងកម្ចីពីប្រវត្តិសាស្ត្រ និងទីក្រុងទំនើបបង្កើតបានជាការរចនាបែបប្រពៃណីដែលពោរពេញទៅដោយភាពច្នៃប្រឌិតទៅតាមរចនាប័ទ្មទីក្រុងហៅថា ស្ថាបត្យកម្មទំនើបបម្លែងពីស្ថាបត្យកម្មខ្មែរបុរាណ ។ ផ្សារ ជីស៊ី អូរឫស្សី ក៏នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយនាពេលអនាគតផងដែរ ។ «យើងដឹងច្បាស់ថា បេតិកភណ្ឌវប្បធម៌ គឺមានសារៈសំខាន់លើសពីអចលនទ្រព្យទៅទៀត រួមជាមួយនឹងគុណតម្លៃ និងចំណេះដឹងប្រពៃណី និងទំនៀមទម្លាប់ជំនាញ និងទ្រព្យសម្បត្តិសម្រាប់បន្តទៅកាន់កូនចៅរាប់ជំនាន់ ។ យើងជឿជាក់ក្នុងការបង្កើតនូវផ្សារដែលបង្ហាញពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់យើង និងផ្សារភ្ជាប់នូវអតីតកាលជាមួយនឹងបច្ចុប្បន្នកាល ទៅកាន់អនាគត ។ យើងសង្ឃឹមថា នឹងអាចចូលរួមចំណែកទៅសង្គមជាជាងធ្វើជាអ្នកអភិវឌ្ឍគម្រោងធម្មតា» លោកបានមានប្រសាសន៍ ។

ការថែរក្សា និងគាំពារនូវវប្បធម៌ដ៏ត្រចះត្រចង់ និងការផ្សព្វផ្សាយនូវសិល្បៈ និងវប្បធម៌រូបិយ និងអរូបិយគ្រប់ទម្រង់ រួមជាមួយនឹងតំបន់ប្រវត្តិសាស្ត្រ អក្សរសិល្ប៍ និងសិប្បកម្មតន្ត្រី និងចំណេះដឹងមានសារៈសំខាន់ណាស់ ។ មានអង្គការជាច្រើនដែលបានចូលរួមក្នុងការផ្សព្វផ្សាយឲ្យមានការយល់ដឹងបន្ថែម និងប្រមូលព័ត៌មានពាក់ព័ន្ធជាមួយនឹងការគាំពារដល់បេតិកភណ្ឌវប្បធម៌ជាពិសេសគឺការពារទីតាំងនៃស្ថាបត្យកម្មខ្មែរជំនាន់ថ្មី ។ សិស្សនិស្សិតជំនាន់ក្រោយនៃកម្ពុជាចាប់ផ្ដើមមានការយល់ដឹងច្រើនអំពីបញ្ហានេះ ។ សម្រាប់ទស្សនវិស័យរបស់ក្រុមហ៊ុន ជីស៊ី អូរឫស្សី ខូ អិលធីឌី ក្នុងការបង្កើតនូវទីផ្សារក្នុងស្រុកដែលតំណាងឲ្យសិល្បៈវប្បធម៌ និងចំណេះដឹងនៃស្ថាបត្យកម្មខ្មែរបុរាណគឺជាការរួមចំណែកក្នុងការផ្សព្វផ្សាយអំពី «ការយល់ដឹងពីវប្បធម៌» ក្នុងប្រទេសកម្ពុជា ។

គួរអោយដឹងផងដែរថា ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុងដែលមានជំនាញលើវិស័យអភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (Trust and Fund Management) ។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360 ដឺក្រេ នៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៧ទៀតរួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Ream City ក្រុងព្រះសីហនុ ។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារ ជីស៊ី អូរឫស្សី សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់យើង ៖

-GC Orussey Market ផ្សារជីស៊ីអូរឫស្សី៖ https://www.facebook.com/gc.orusseymarket

-ឆានែលតេឡេក្រាម៖ – https://t.me/GCOrusseyMarket

-លេខទូរស័ព្ទ និងតេឡេក្រាម៖ 099 331 015, 098 331 015 ៕ ដោយសហការ

Share this post

MENU
DEMO